Friday, July 22, 2016

៦០ - អំពីភ្នំំខ្យាច់

តាមមហាសង្រ្កាន្ត ព.ស២៥៣៥ គ.ស១៩៩១ មានសូត្រមួយបានបញ្ជាក់ថា ព្រះអង្គទ្រង់បានសំដែងប្រារព្ធនឹងព្រះបាទ បសេនទិកោសលឈ្មោះថា «ម ហាសំការសូត្រ»ដែលមានព្រះគាថា ថា៖

" វាលុកចេតិយំ កត្វា យេ នរា អថ នារិយោ អន្នំ បានំ វត្ថំ គន្ធវិលេបនាទីនិ អាហរិត្វា ចេតិយំ បូជំ កត្វា សទ្ធាយ ច អានិសង្សំ មហប្ឆលំ ទ្វេ កុលេ ឧប្បជ្ជន្តិ ខត្តិយេ ចាបិ ព្រាហ្មណេ ហីនេ កុលេ នជាយន្តិ វាលុកស្ស ឥទំ ផលំ "
សេចក្តីថា : "​ បពិត្រមហារាជ្យ បុគ្គលប្រុសស្រីឯណាបានសាង វាលុកចេតិយ ហើយផ្ងូតទឹកជូនមាតាបិតា គ្រូឧបជ្ឈាយាចារ្យ ស្រង់ទឹកព្រះ និងព្រះសង្ឃ លែងសត្វ ....... ។ល។ ព្រមទាំងយកបាយ ទឹក នំ ចំណី គ្រឿងសក្ការៈ មានប្រទីប ទៀន ធូប ផ្កា និងគ្រឿងក្រអូបទាំងឡាយទៅបូជា «វាលុក ចេតិយ» បុគ្គលនោះៗរមែងបាន អានិសង្សច្រើនណាស់ ហើយតែងបាន ទៅកើតក្នុងត្រកូលពីរគឺ៖ ខត្តិយត្រកូល និងព្រាហ្មណត្រកូល រមែងមិនទៅ កើតក្នុងត្រកូលថោកទាបឡើយ " ។

ឯបុណ្យពូនភ្នំខ្សាច់ នៅប្រទេសកម្ពុជាយើងពីបុរាណមក គឺច្រើនធ្វើនៅក្នុងវត្ត ដូចជា បុណ្យចូលឆ្នាំថ្មី ឬបុណ្យធំៗ មានបុណ្យបញ្ចុះសីមា បុណ្យចំរើន ព្រះជន្ម។ ចំណែកឯនៅតាមភូមិ តាមគ្រួសារវិញ គេច្រើនធ្វើក្នុងពិធីបុណ្យ ខួប (ចំរើនអាយុ) ពេលមានជម្ងឺធ្ងន់ ឬមាតាបិតាឈឺធ្ងន់។
បុណ្យពូនភ្នំខ្សាច់ ទោះបីគេធ្វើនៅពេលណា កន្លែងណាក្តី ក៏គឺដើម្បីរំដោះ គ្រោះថ្នាក់ និងលោះលាងបាបកម្មដែលបានធ្វើកន្លងមក ហើយសូមឲ្យបាន ជា និងមានអាយុយឺនយូរតទៅទៀត ឬជូនមគ្គផលកុសល ដល់វិញ្ញាណក្ខ័ន្ធ អ្នកស្លាប់ឲ្យឆាប់បានទៅកាន់ភពថ្មី​ ...........។
ឯគ្រឿងប្រកបនឹង«វាលុកចេតិយ» តាមបែបដើម ដែលមានពោលក្នុងតម្រា ថា៖ ដំបូងឡើយឲ្យយកដីខ្សាច់មកចាក់ពូនឡើង ឲ្យបានជាទំនងរូបចេតិយធំ តូច ខ្ពស់ តាមតម្រូវការ ហើយគេក៏យកទង់ ផ្កា មកដោតដាក់បូជា ព្រមទាំង បញ្ចេញវាចាអធិដ្ឋាន ជាតំណាងឲ្យ «ចូឡាមណីចេតិយ» ហើយដើរ ប្រទក្សិណ ៣ជុំ រួចចៀសចេញទៅ តែប៉ុណ្ណោះជាការស្រេច។

នៅកន្លែងមួយចំនួនជាបែបបុរាណដែរ បើនឹងធ្វើបុណ្យពូនភ្នំខ្សាច់ ដើម្បីជូន មគ្គផលដល់វិញ្ញាណក្ខ័ន្ធបុព្វការីជនមាន មាតាបិតាជាដើម ឲ្យលោកឆាប់បាន ទៅចាប់ភពថ្មីទៀត នោះគេពូនភ្នំខ្សាច់មួយចំកណ្តាលឲ្យបានរាងខ្ពស់ រួចពូន ភ្នំអង្ករ ៤ ឬ៨ ជុំវិញភ្នំខ្សាច់នោះនៅក្នុងរាជវ័តិ ដាក់កណ្តាលភូមិដោយនិមន្ត លោក ៧វត្ត ឬ៧អង្គ ឬ៨អង្គ ធ្វើ។ គេច្រើនធ្វើនៅក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ ឬបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរ។ ន័យមួយទៀតបានបញ្ជាក់ថា :  មុនដំបូងគេ ធ្វើរាជវ័តិពទ្ធ័សីមា រួចធ្វើរានទេព្តាប្រចាំទិសទាំង៨ និងរានព្រះយមរាជមួយ ទៀតគម្រប់ជា៩ ។ រានទាំង៩នោះ មាន៣ថ្នាក់ដូចៗគ្នា។ រានព្រះយមរាជ ដាក់នៅទិសខាងកើត ទន្ទឹមនឹងរានព្រះចន្ទ ហើយចងឆ័ត្ររួតពីក្រោយរាន ទាំង៩នោះ ឯរានទាំង៨ គេធ្វើសំរាប់ថ្វាយទេព្តាប្រចាំទិសទាំង៨ គឺ៖
០១ -
ព្រះចន្ទ
ស្ថិតនៅទិស បូព៌
០២ -
ព្រះអង្គារ
ស្ថិតនៅទិស អគ្នេយ៍
០៣ -
ព្រះពុធ
ស្ថិតនៅទិស ទក្សិណ
០៤ -
ព្រះសៅរិ៍
ស្ថិតនៅទិស នីរតី
០៥ -
ព្រះព្រហស្បតិ៍
ស្ថិតនៅទិស បស្ចឹម
០៦ -
ព្រះរាហូ
ស្ថិតនៅទិស ពាយ័ព្យ
០៧ -
ព្រះសុក្រ
ស្ថិតនៅទិស ឧត្តរ
០៨ -
ព្រះអាទិត្យ
ស្ថិតនៅទិស ឦសាន្ត
រួចឲ្យយកនូវគ្រឿងសក្ការៈជាដង្វាយទៅដាក់ថ្វាយទេព្តាតាមរានទាំង៩ គឺ ទៀន៥ ធូប៥ ស្លាធម៌១គូ លាជ ផ្កា(ដាក់ពែងប្រាំៗ) ទឹកអប់១គូ បាយសី ប៉ាក់ឆាម១គូ កន្ទោងម្លូស្លាបារី(ស៊ង)១ បាយមួយកន្ទោងចំអាប២ បង្អែម២ និងយកទង់មកដោត តាមរានទេព្តាទាំងអស់គ្រប់ទិស បន្ទាប់មក លោកតា អាចារ្យ ចាត់ការព័ន្ធសីមាតាមជួររានទេព្តា។ រីឯបាលីសូត្រព័ទ្ធសីមានោះ មាន បទដូច្នេះថា៖
" សព្វេ ពុទ្ធា ពលប្បត្តា បច្ចេកានញ្ចយម្តលំ អរហន្តានញ្ច តេជេន រក្ខំ ពន្ធាមិ សព្វេ សោ "  ប្រែថា : "​ ដោយតេជៈ កម្លាំងនៃព្រះពុទ្ធ ព្រះបច្ចេកពុទ្ធ និងព្រះអរហន្ត ទាំងឡាយទាំងពួង ខ្ញុំសូមព័ទ្ធសីមាបង្ការក្តីអន្តរាយ ដោយ ប្រការទាំងពួង " ។
ជាកិច្ចបន្តមកទៀត គេយកទង់ធ្វើអំពីក្រដាស់ពណ៌ទៅដោត បូជានៅកំពូល ចេតិយនិមួយៗ ចំនួនទង់បីៗ រួចយកសំពត់សប្រវែង ១,៥០ម ទៅពានាពាក់ ឈៀងព្រះចេតិយ ដោយយកម្ជុលខ្នាស់ជាយសងខាងភ្ជាប់គ្នា និងយកគ្រឿង សក្ការៈ ទៀន ធូប ផ្កា គ្រឿងក្រអូបផ្សេងៗទៀតទៅបូជា ហើយសូត្រ អធិដ្ឋានព្រះវាលុកចេតិយ ឲ្យជាតំណាងព្រះចូឡាមីចេតិយ ឯស្ថានត្រៃត្រិង្ស សួគ៌ ដែលតាមសំដីអ្នកស្រុកថា " បំបួសភ្នំ " ដោយសូត្របទបាលីថា  :  ឥមំ វាលុកចេតិយំ ចូឡាមណីចេតីយំ អធិដ្ឋាមិ(ម) ។ កាលបើធ្វើពិធីឆ្លង បុណ្យហើយ ឲ្យផ្សឹកភ្នំចេញភ្លាម ដោយសូត្របាលីថា  :  " ឥមំ វាលុក ចេតិយំ បច្ចក្ខាមិ(ម) " ។ បើមិនបានផ្សឹកភ្នំចេញវិញទេនោះ អ្នកណាមួយ ទៅរំលាយ ឬដើរកន្លង ឬជាន់ នឹងមានបាប ។

តទៅនេះ ជារបៀប ឬវិធីម្យ៉ាងទៀត ដែលខ្ញុំបានសុំចម្លងមកពីទីកន្លែងផ្សេងៗ ហើយធ្លាប់ធ្វើជាញឹកញាប់តៗមកគឺ៖
១-
ប្រកាសអញ្ជើញទេវតា
២-
សូត្រធម៌បទនមស្ការ (នមោ ............ ៣ចប់)
៣-
និមន្តខ្សាច់មកសំរាប់ពូនភ្នំ ដោយបទបាលីថា៖
-
ឧកាស ឥមំ បថវីយំ វាលុកំ ចេតិយំ អារាធនំ ករោមិ
-
ទុតិយម្បិ ឧកាស ឥមំ បថវីយំ វាលុកំ ចេតិយំ អារាធនំ ករោមិ
-
តតិយម្បិ ឧកាស ឥមំ បថវីយំ វាលុកំ ចេតិយំ អារាធនំ ករោមិ
៤-
នាំគ្នាយកខ្សាច់នោះទៅពូនភ្នំ បានជាភ្នំហើយទើបនាំគ្នាយកទង់ និងគ្រឿងបូជាថ្វាយភ្នំរួច អធិដ្ឋានភ្នំ ( បំបួសភ្នំ ) ដោយបទបាលីថា៖
-
ឧកាស មយំ ភន្តេ ឥមំ វាលុកចេតិយំ គីរីបព្វជ្ជំ បរិមណ្ឌលំ បកាសិត ឧទ្ទិស្ស ចូឡាមណីចេតិយំ មង្គលំ អធិដ្ឋាមិ(ម)
-
ទុតិយម្បិ ឧកាស មយំ ភន្តេ ឥមំ វាលុកចេតិយំ គីរីបព្វជ្ជំ បរិមណ្ឌលំ បកាសិត ឧទ្ទិស្ស ចូឡាមណីចេតិយំ មង្គលំ អធិដ្ឋាមិ(ម)
-
តតិយម្បិ ឧកាស មយំ ភន្តេ ឥមំ វាលុកចេតិយំ គីរីបព្វជ្ជំ បរិមណ្ឌលំ បកាសិត ឧទ្ទិស្ស ចូឡាមណីចេតិយំ មង្គលំ អធិដ្ឋាមិ(ម)
៥-
រួចហើយ ក៏នាំគ្នាសូត្រធម៌លាបាបកម្មផ្តាច់ពៀរវេរាថា៖
ឧកាស អត្ថិ ឥមស្មឹ រូបខន្ធោ ឧភោធាតុ កម្មសកោ កម្មទាយា ទោកម្មយោនី កម្មពន្ធុំ កម្មបដិសរណោ យំ កម្មំ ( សព្វបាបំ សព្វកម្មំ ពហុបាបំ ពហុកម្មំ " ឲ្យថា៣ដង ") វិនស្សន្តិ អសេសតោ
៦-
ទើបនាំគ្នាសូត្រធម៌សុំខមាទោសថា៖
ឧកាស វន្ទាមិ ភន្តេ ភគវា លោកនាថា យំ កិញ្ចិ ទោសំ វា កាយកម្មំ វា វចីកម្មំ វា មនោកម្មំ វា អតីតំ មេ ទោសំ អនាគតំ មេ ទោសំ បច្ចុប្បន្នំ មេ ទោសំ សព្វទោសំ ខមាមិហំ
ឧកាស អជ្ជយោ នោ ភន្តេ អជ្ជគមា យថាពាលំ យថាមុល្ហំ យថាអកុសលំ កាយកម្មំ វា វចីកម្មំ វា មនោកម្មំ វា សព្វទោសំ ខមាមិហំ

ខមាទោសជាសម្រាយ











០១.
អហំរីយើងខ្ញុំ
ថ្វាយបង្គំនមស្ការ
និមន្តខ្សាច់នេះណា
ខ្ញុំប្រាថ្នាសាងចេតិយ ។
០២.
សូមផ្តាច់អស់កម្មពៀរ
បាបវេរាយើងនេះនៃ
បរលោកឬលោកីយ៍
កុំបីមានក្តីសៅហ្មង ។
០៣.
សូមប្តឹងទៅទេវតា
ឆកាមាសោឡសផង
ឥន្ទព្រហ្មយមរាជច្បង
កឹករណំជាសាក្សី ។
០៤.
កាលខ្ញុំពីក្មេងមក
ចិញ្ចឹមជ្រូកគោក្របី
មាន់ទាសម្លាប់ត្រី
ចាប់លក់ដូរចិញ្ចឹមប្រាណ ។
០៥.
សុំលាទោសទាំងអស់
ក្រែងខឹងខុសមុសាស្មាន
ប្រមាថញាតិសន្តាន
ចាស់ព្រៀងលានអ្នកដ៏ទៃ ។
០៦.
ប្រមាថនូវព្រះពាយ
ព្រះភិរុណនាយ
ព្រះអាទិត្យព្រះចន្ទថ្លៃ
ប្រមាថជេរទឹកដី
សព្វឈើព្រៃព្រះពៃស្រមណ៍ ។
០៧.
ប្រមាថខ្លួនឯងណា
តួអក្ខរាបង្កើតសព្វ
ឮធម៌ហើយខឹងស្អប់
ប្រមាថសព្វគ្រូអាចារ្យ ។
០៨.
ខ្ញុំលាអស់ទោសខ្លួន
ជេរជីដូននិងជីតា
ប្រមាថព្រះមាតា
ព្រះបិតានិងរៀមច្បង ។
០៩.
ទោសនោះយមភូបាល
និងព្រះកាលលោកចាំចង
ទេវតារក្សាគ្រង
កត់បញ្ជីដំកល់ទុក ។
១០.
ខ្ញុំធ្វើបុណ្យនេះណា
ថ្វាយទេវតាគុណគ្រប់សព្វ
ប្រាថ្នាសេចក្តីសុខ
សូមផ្តាច់អស់ទោសទុក្ខ
ឲ្យបានស្រឡះជ្រះទៅហោង៕


ដកស្រង់ចេញពីសៀវភៅ:   គិហិប្បតិបត្តិ ឃរាវាសធម៌