កាលពីព្រេងនាយមានចចកត្រោសធំមួយ ដល់ខែលំហើយវាដើររកត្រពាំង បឹងបួដែលរីងទឹកដើម្បីចាប់ត្រីស៊ី។
លុះទៅដល់ត្រពាំងមួយរីងទឹកអស់នៅតែប្រឡង់ មួយឃើញសុទ្ធតែភក់មាន ត្រី កំពឹស
បង្កង ក្ដាម ជាច្រើនណាស់។ ចចកឃើញ ហើយមានចិត្តត្រេកអររីករាយគិតថា
«ថ្ងៃនេះអញមានលាភធំណាស់ ជាលាភចម្លែក ជាងសព្វថ្ងៃ»។ ឯកំពឹសមានប្រាជ្ញា
ឮចចកថា ដូច្នោះហើយក៏និយាយលួងលោម ចចកថា៖ «យើងទាំងអស់គ្នាសុទ្ធតែចំណីបងចចកឯងទាំងអស់ហើយ ប៉ុន្តែយើង ប្រឡាក់ភក់ណាស់
បងឯងស៊ីយើងទាំងភក់ដូច្នេះមិនឆ្ងាញ់ពិសាទេ»។ ចចកឆ្លើយ ថា៖ «ធ្វើដូចម្ដេចនឹងឆ្ងាញ់ពិសា?»។
កំពឹសឆ្លើយថា៖«ត្រូវបងចចកយកយើងទៅលាងទឹកឲ្យជ្រះស្អាតហើយ សឹម ស៊ីនោះទើបឆ្ងាញ់ពិសា»។
ចចកថា៖ «ដូចម្ដេចនឹងយកទៅលាងបាន បើច្រើនដល់ ម្ល៉េះ?»។ កំពឹសថា៖ «បងចចកកុំព្រួយចិត្ត
ខ្ញុំធានាគិតឲ្យបងបានស្រួល ប៉ុន្តែត្រូវបង ឯងតាមខ្ញុំ»។ ចចកឆ្លើយឡើងថា៖«បងឯងធ្វើដូចម្ដេចក៏ខ្ញុំតាមទាំងអស់»។ កំពឹសថា៖ «ធ្វើដូច្នេះចូរបងឯង ចូលមកដេកននៀលក្នុងភក់នេះ ហើយយើងរាល់គ្នានឹងបាន តោងខាំរោមបងឯង បងឯងនាំយើងទៅរកស្ទឹងបឹងបួឯណា ដែលមានទឹកថ្លាច្រើន បងឯងលាងយើងឲ្យស្អាត
ហើយសឹមបងឯងស៊ីឆ្ងាញ់ពីសាតាមចិត្តចុះ»។ ឯចចក ជាសត្វលោភហើយល្ងង់
ក៏ធ្វើតាមពាក្យកំពឹស។ កំពឹស និងត្រី ក៏បបួលគ្នាតោង រោមចចកទៅ
លុះទៅដល់បឹងមួយធំវែង មានទឹកថ្លាល្អ ចចកដើរចុះទៅក្នុងទឹក អស់ត្រីកំពឹសលោតទៅក្នុងទឹក ហើយប្រាប់ថា៖ «បងចចកឯងទៅជញ្ជូនមកឲ្យអស់
សិនសឹមមកស៊ីឲ្យឆ្អែតតែម្ដង យើងនៅចាំបងនៅទីនេះ»។ ចចកក៏ទៅ ជញ្ជូនត្រី និងកំពឹសមក
លុះត្រាតែអស់ពីត្រពាំងនោះ។ ពួកត្រី កំពឹស ក្ដាម ខ្យង ដឹងថាចចក ជញ្ជូនអស់ហើយក៏នាំគ្នាមុជក្នុងទឹកបាត់អស់ទៅ។ ឯចចកដឹងថា កំពឹសបញ្ឆោត ដូច្នេះ ហើយខឹងណាស់ដើរទៅបបួលអស់សត្វធំ តូច ដំរី រមាសខ្លា
គ្រប់ភាសាសត្វ ទាំងពស់ថ្លាន់ ពស់ធំ ពស់តូច ទាំងសត្វហើរ គ្មានសេសសល់ ដល់តិចបបួល គ្នាមកបាចទឹកបឹងនោះឲ្យរីង និងបានចាប់ត្រីក្នុងបឹងនោះស៊ីឲ្យអស់
បានឲ្យពស់ថ្លាន់ ធ្វើជាទំនប់ អស់សត្វឯទៀតក៏បបួលគ្នាបាច។ សត្វក្នុងបឹងដឹងថាចចកបបួលគ្នាបាច ទឹកឲ្យរីងទាំងបឹងភ័យណាស់ក៏គិតគ្នាថា
«យើងធ្វើម្ដេចនឹងបានឲ្យសត្វទាំងអស់នេះ លែងបាចទឹក?» កាលនោះត្រីក្រាញ់ឆ្លើយឡើងថា៖ «ខ្ញុំឮគេនិយាយថាបងសុភា ទន្សាយជាអ្នកមានប្រាជ្ញា ចេះដោះទុក្ខមនុស្សសត្វផងជាច្រើនណាស់ហើយបើដូច្នេះ ខ្ញុំនឹងទៅពឹងបងសុភាទន្សាយ ឲ្យមកជួយដោះទុក្ខអស់យើង» ។
ពួកត្រីគិតគ្នាហើយ ក៏ប្រើត្រីក្រាញ់ទៅអញ្ជើញសុភាទន្សាយ។ ត្រីក្រាញ់ប្រឹងននៀលទៅលុះដល់ត្រូវថ្ងៃ ក៏ក្រៀមស្រកាអស់
ដល់យប់សុភាទន្សាយចេញមករកស៊ី បានឃើញត្រីក្រាញ់ ននៀលដូច្នោះក៏សួរថា៖ «បងត្រីក្រាញ់ទៅណា?»។ ត្រីក្រាញ់ឃើញសុភាទន្សាយ
ហើយមានចិត្តត្រេកអរណាស់ និយាយអង្វរថា៖ «បងសុភាទន្សាយអាណិតខ្ញុំ ត្បិត ត្រីទាំងអស់ក្នុងបឹងគេប្រើខ្ញុំមកឲ្យអញ្ជើញបងសុភាទន្សាយ ទៅត្បិតឮ ទាំងសត្វ ទាំងមនុស្ស និយាយថាបងជាអ្នកមានប្រាជ្ញា ចេះកាត់សេចក្ដីដោះទុក្ខ បើអ្នក ឯណាកើតទុក្ខ បងតែងទៅជួយដោះទុក្ខគេមិនដែលខាន ឥឡូវមានដំរី ក្របី គោ រមាស
រមាំង ប្រើស ក្ដាន់ ជ្រូក ពស់ធំ ពស់តូច ទាំងសត្វហើរ គឺកុក ក្រៀល បង្កៀលខ្យង ទុង ទោម ក្អែកទឹក ប្រវឹក ស្មោញ ទាំងប៉ុន្មាន
បានបបួលគ្នាមក បាចទឹកបឹងឲ្យរីងនឹងបានចាប់អស់ ត្រី អណ្ដើក កន្ធាយ ស៊ីជាចំណីឲ្យអស់ពីបឹង នេះឯង។ បើដូច្នេះ
បងសុភាទន្សាយអាណិតជួយដោះទុក្ខអស់បងប្អូនខ្ញុំ ឲ្យបានរួច ពីភ័យម្ដងនេះនឹងបានល្បីកេរ្តិ៍ឈ្មោះតទៅ អស់យើងនឹងតបគុណបងសុភាទន្សាយ ឯង
យើងមិនភ្លេចគុណដរាបដល់អស់ជីវិត។ ឯទន្សាយឮត្រីក្រាញ់និយាយអង្វរ ដូច្នោះក៏ឆ្លើយថា៖ «បងត្រីក្រាញ់ទៅមុនចុះ
ទៅប្រាប់អស់បងប្អូនកុំឲ្យភិតភ័យ ចាំខ្ញុំ ជួយដោះឲ្យរួចកុំមានចិត្តបារម្ភឡើយ»។ ត្រីក្រាញ់ក៏ត្រឡប់ទៅវិញ ឯទន្សាយលុះ ព្រឹកព្រហាមឡើងទៅមាត់បឹង
ឃើញអស់សត្វកំពុងបាចទឹក ក៏យកស្លឹកឈើ ដែល ដង្កូវស៊ីធ្លុះៗមកធ្វើជាសំបុត្រ ហើយស្រែកហៅអស់សត្វទាំងនោះថា៖ នែ!បងប្អូនទាំង អស់ចាំស្ដាប់ខ្ញុំត្បិតព្រះឥន្ទលោកឲ្យខ្ញុំនាំសំបុត្រមកប្រាប់គ្រប់គ្នាថា៖ «ព្រះឥន្ទ្រលោក មកកាច់ជើងត្រុំ ប្រមុំជើងអក កាប់ក្បាលឆ្កែចចក ដកភ្លុកដំរីស»។
អស់សត្វឮថា សំបុត្រព្រះឥន្ទ្រដូច្នោះ ភ័យណាស់ផ្អើលបោលជាន់គ្នា ពានលើដំរី ក្របី រមាស រមាំងៗ ស្ទុះបោលទៅជាន់លើពស់ថ្លាន់ជាទំនប់
ដាច់ខ្លួនជាពីរជាបីកំណាត់ ធ្លាយ ទំនប់លិចទឹកស្លាប់អស់។ សត្វទាំងនោះក៏ទៅជាចំណីត្រីវិញ។ តាំងពីថ្ងៃនោះមក អស់សត្វទាំងពួងកោតខ្លាចប្រាជ្ញាសុភាទន្សាយ
ទុកសុភាទន្សាយជាគ្រូបាអាចារ្យទាំង អស់។
អណ្ដាតជាអាទិកន្លង ស្លាប់ផង រស់ផង ពីព្រោះអណ្ដាត
ប្រភព | ប្រជុំរឿងព្រេងខ្មែរភាគ១ ទំព័រទី៤-៦